Skip to main content
Preah Sihanouk Provincial Television
Log in

ខេត្តព្រះសីហនុ និងខេត្តដទៃទៀតបន្តមានភ្លៀងធ្លាក់ជាមួយផ្គរន្ទះនិងខ្យល់កន្រ្តាក់

Historical original · translation unavailable

«សម្ពាធទាបដែលកើតលើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជា»។ ស្ថានភាពបែបនេះ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅតាមបណ្តារាជធានី-ខេត្តរបស់ប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដីពី២០ទៅ៣០ភាគរយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

បើតាមការជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែកក្កដា ក្រសួងធនធានទឹក បញ្ជាក់ថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឺងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់គ្របដណ្តប់លើផ្ទៃដី ២០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៣០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រទៅ ១,៥០ម៉ែត្រ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…