នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីជំហររបស់កម្ពុជាលើបញ្ហាបិទ-បើកច្រកព្រំដែនជាមួយប្រទេសថៃ ដោយអះអាងថា គោលការណ៍ចំពោះការបើកព្រំដែនឡើងវិញ គឺនៅរក្សាដដែល បើសិនថៃប្រកាសបើកមុនជាឯកតោភាគី ហើយធានាថានឹងមិនមានការបិទជាឯកតោភាគីវិញ នោះកម្ពុជានឹងបើកដំណើរឡើងវិញដូចគ្នាយ៉ាងយូរត្រឹម ៥ម៉ោង។
ការបញ្ជាក់ជំហររបស់កម្ពុជា ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសតាមរយៈបណ្តាញតេឡេក្រាមផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានក្រុមជ្រុលនិយម បានបន្តក្លែងបន្លំ និងបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការបើកច្រកព្រំដែនរវាងកម្ពុជានិងថៃ ដែលនាំឱ្យមានការយល់ច្រលំ។
សម្តេចធិបតី បញ្ជាក់ដូច្នេះថា៖ «គោលការណ៍ចំពោះការបើកព្រំដែនឡើងវិញ គឺនៅរក្សាដដែលត្រូវអនុវត្ត៖ ១. ថៃប្រកាសបើកមុនជាឯកតោភាគី ហើយធានាថានឹងមិនមានការបិទជាឯកតោភាគីនេះទៀតទេ, ២. ការបើកច្រកព្រំដែន គឺត្រូវបើកព្រមគ្នា ហើយគ្រប់ច្រកទាំងអស់ និង៣. ត្រូវបើកឱ្យដូចមុនថ្ងៃ៧ មិថុនា ពោលគឺបើកចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១០យប់ និងបើកសម្រាប់មនុស្សនិងទំនិញទាំងអស់ដូចដើម»។
សម្តេចធិបតីនាយករដ្ឋមន្រ្តី អះអាងថា កម្ពុជានឹងបើកដំណើរឡើងវិញដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយពីការបើករបស់ភាគីថៃ។ យ៉ាងណា កន្លងទៅ នៅក្នុងពិធីសម្ពោធប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៤ ខែកក្កដា ក្នុងឯកសណ្ឋានជាកងទ័ព សម្ដេចមធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីជំហរដាច់ណាត់ក្នុងការបើកច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃឡើងវិញ ដោយអះអាងថា ការបើកច្រកទ្វារព្រំដែនមិនលំបាកនោះទេ ពោលកូនសោរប្រគល់ឱ្យភាគីថៃរួចរាល់ហើយ ត្រង់ការសម្រេចគឺស្ថិតនៅលើភាគីថៃ កម្ពុជាត្រៀមអនុវត្តតាមក្រោយ បើសិនថៃបើកព្រំដែនឡើងវិញ។
សូមជម្រាបថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានកើនកម្តៅកាន់តែខ្លាំង ក្រោយពីមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងថៃ កាលពីថ្ងៃទី២៨ ខែឧសភា នៅចំណុចព្រំដែនមុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលមកពីការឆ្មក់ចូលមកវាយប្រហារពីកងទ័ពថៃមុនលើកងទ័ពកម្ពុជា។ ក្នុងព្រឹត្តិការណ៍នេះធ្វើឱ្យទាហានខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត។ ក្នុងនោះដែរ កងទ័ពកម្ពុជាក៏បានចល័តទ័ពទៅត្រៀមនៅខ្សែមុខនៅព្រំដែនផងដែរ។
ក្រោយពីកើតមានព្រឹត្តិការណ៍ខាងលើនេះ នៅថ្ងៃទី០៧ ខែមិថុនា ភាគីថៃបានប្រកាសបិទច្រកទ្វាព្រំដែនអន្តរជាតិ ព្រមទាំងច្រកតំបន់ និងច្រករបៀងដទៃទៀតជាមួយកម្ពុជាដោយឯកតោភាគី ដោយភាគីថៃទាញបន្លាលួសយកមកបិទដោយប្ដូរវេនបិទបើកច្រកពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់ មកជាម៉ោង៨ព្រឹក ដល់ម៉ោង ៤ល្ងាចវិញ។ ការបិទដោយបង្ខំ និងឯកតោភាគីទាំងនេះ បង្កឱ្យមានភាពច្របូកច្របល់នៅនឹងមាត់ច្រកអន្តរជាតិទាំងពីរ ដែលធ្វើឱ្យគណៈកម្មការច្រកទ្វាព្រំដែន និងសមត្ថកិច្ច ពិបាកគ្រប់គ្រងស្ថានភាព និងដោះស្រាយ។
ជុំវិញនឹងបញ្ហានេះ ភាគីកម្ពុជា ក៏បានឆ្លើយតបទៅភាគីថៃ ដោយភាគីកម្ពុជាបើកច្រកនៅម៉ោង ៩:០០នាទីព្រឹក និងបិទវិញនៅម៉ោង ៤:០០នាទីល្ងាច។ បន្ថែមពីនេះ កម្ពុជា ក៏បានបញ្ជាឱ្យបិទការនាំចូលទំនិញ បន្លែ ផ្លែឈើ ត្រីសាច់ ជាពិសេសបិទការនាំចូលប្រេងឥន្ធនៈ អ៊ីនធើណេត និងអគ្គិសនីផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត







