Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាបង្កើនសន្ទុះផ្សព្វផ្សាយលើឆាកអន្តរជាតិ! ស្ថានទូតកម្ពុជានៅចិនបង្ហាញវីដេអូស្វាគមន៍មហាសន្និបាតកាយឫទ្ធិនារីពិភពលោកឆ្នាំ២០២៦លើអេក្រង់LEDដ៏ធំនៅប៉េកាំង

KPS99TVHistorical original · translation unavailable

ប៉េកាំង៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់របស់កម្ពុជា តាមរយៈការបង្ហាញវីដេអូផ្សព្វផ្សាយនៅលើអេក្រង់ LED ដ៏ធំរបស់ស្ថានទូត ស្ថិតនៅរដ្ឋធានីប៉េកាំង ដើម្បីស្វាគមន៍គណៈប្រតិភូ និងថ្នាក់ដឹកនាំកាយឫទ្ធិនារីមកពីបណ្តាប្រទេសជុំវិញពិភពលោក ដែលនឹងអញ្ជើញចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២។

ព្រឹត្តិការណ៍អន្តរជាតិដ៏មានកិត្យានុភាពនេះ នឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព» ដែលបង្ហាញពីស្មារតីនៃការចូលរួម ការទទួលខុសត្រូវ និងការរួមគ្នាបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គម និងសហគមន៍ពិភពលោក។

តាមរយៈវីដេអូផ្សព្វផ្សាយនេះ កម្ពុជាបានបង្ហាញពីសក្តានុពល និងភាពទាក់ទាញរបស់ខ្លួន ទាំងផ្នែកមរតកវប្បធម៌ដ៏សម្បូរបែប អរិយធម៌បុរាណដ៏រុងរឿង សមិទ្ធផលនៃការអភិវឌ្ឍជាតិ និងបរិយាកាសសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ កម្ពុជាកំពុងត្រៀមរៀបចំព្រឹត្តិការណ៍នេះយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយវិជ្ជាជីវៈ ដើម្បីស្វាគមន៍ស្ត្រី និងយុវតីកាយឫទ្ធិនារីមកពីគ្រប់ទ្វីប ឱ្យមកជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងពង្រឹងចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។

ការផ្សព្វផ្សាយព្រឹត្តិការណ៍នេះតាមរយៈអេក្រង់ LED ដ៏ធំនៅទីក្រុងប៉េកាំង មិនត្រឹមតែឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកកម្ពស់កិត្តិយសជាតិ កេរ្តិ៍ឈ្មោះ និងសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណជន និងសហគមន៍អន្តរជាតិផងដែរ។ ដោយ៖ សុខ ស៊ីណាន

Comments

Loading comments…