Skip to main content
Preah Sihanouk Provincial Television
Log in

១លានដុល្លារសម្រាប់កុមារកម្ពុជា! លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវបន្តចលនាសប្បុរសធម៌គាំទ្រមន្ទីរពេទ្យគន្ធបុប្ផា

KPS99TVHistorical original · translation unavailable

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គណៈគ្រប់គ្រង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានសួរសុខទុក្ខអាណាព្យាបាល និងកុមារដែលកំពុងទទួលការព្យាបាល។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍សួរសុខទុក្ខ និងការនឹករឭកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ អាណាព្យាបាល និងអង្គពិធីទាំងមូល។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា គឺមិនត្រឹមតែជាមណ្ឌលផ្តល់សេវាសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងដែលផ្តល់ក្តីសង្ឃឹម ជីវិតថ្មី និងភាពកក់ក្តៅដល់កុមារ និងគ្រួសារកម្ពុជា ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត។ មន្ទីរពេទ្យនេះបានបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលប្រកបដោយគុណភាព ស្មើភាព និងគ្មានការរើសអើង ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់កន្លងមក។

ក្នុងពិធីដដែលនេះ លោកជំទាវបណ្ឌិតក៏បានអញ្ជើញជាសាក្សីក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង ដែលបានផ្តល់ថវិកាចំនួន ១,០០០,០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់បេសកកម្មព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភ និងអំពាវនាវឱ្យសាធារណជនបន្តរួមចំណែកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តផ្តល់ឱកាសព្យាបាល និងក្តីសង្ឃឹមដល់កុមារកម្ពុជាកាន់តែច្រើន ដែលជាធនធានមនុស្សដ៏មានតម្លៃសម្រាប់អនាគតជាតិ។

ដោយ៖ សុខ ស៊ីណាន

Comments

Loading comments…