នាពេលថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានដឹកនាំក្រុមមន្ត្រីនគរបាលយុត្តិធម៌ (OPJ) ទទួលស្វាគមន៍ និងបើកកិច្ចប្រជុំការងារជាមួយឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ, ឯកឧត្តម យូ ទិត្យវឌ្ឍនៈ អគ្គព្រះរាជអាជ្ញារង និងឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប ព្រមទាំងក្រុមការងារ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តនីតិវិធីច្បាប់របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដោយផ្តោតលើការគ្រប់គ្រងសៀវភៅទទួលពាក្យបណ្តឹង សៀវភៅឃាត់ខ្លួន កន្លែងឃាត់ខ្លួនបណ្តោះអាសន្ន ព្រមទាំងពិនិត្យវឌ្ឍនភាពការងារនានារបស់អង្គភាព។
ជាលទ្ធផល នៃការចុះត្រួតពិនិត្យនេះ គណៈប្រតិភូបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអនុវត្តតួនាទី និងភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តកែប ដែលបានអនុវត្តតាមនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ គណៈប្រតិភូក៏បានផ្តល់អនុសាសន៍ និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងល្បិចកល និងមធ្យោបាយថ្មីៗរបស់ជនប្រព្រឹត្តបទល្មើស ដើម្បីឱ្យកងរាជអាវុធហត្ថខេត្តកែបអាចពង្រឹងការអនុវត្តច្បាប់ និងនីតិវិធីឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសមទៅនឹងស្ថានភាពបទល្មើសដែលកំពុងវិវត្តន៍ជាបន្តបន្ទាប់ផងដែរ៕
ដោយ៖ ប៉ៃ សុឃីម




















