ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីការត្រៀមខ្លួនប្តឹងប្រទេសថៃដែលឈ្លានពានកម្ពុជាដោយបើកការបាញ់ប្លោងកាំភ្លើងធំ និងទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក បណ្តាលឱ្យរងការខូចខាតដែលជាមរតកវប្បធម៌ប្រវត្តិសាស្រ្តដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។
តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ ខែកក្កដា ក្រសួងវប្បធម៌កម្ពុជា បានថ្កោលទោសចំពោះទង្វើឈ្លានពានដ៏គឃ្លើនរបស់ថៃ ដែលបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធរបស់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្រសួងវប្បធម៌ចាត់ទុកថា ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌និងសីលធម៌ ដែលជាការគំរាមកំហែងដល់ការខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា «ក្រសួងវប្បធម៌ នឹងវាយលម្អិត ចងក្រងឯកសារពាក់ព័ន្ធរួមទាំងការខូចខាតនានាស្របតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមច្បាប់អន្តរជាតិជាធរមាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការអន្តរជាតិដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែងនៅក្នុងពិធីសារទី ២ នៃអនុសញ្ញាទីក្រុងឡាអេ»។
ក្រសួងវប្បធម៌ បានចាត់ទុកសកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃផងដែរ។ ក្រសួងបានប្រកាសពីការប្ដេជ្ញាចិត្តឥតងាករេក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌ ទោះបីជាកំពុងស្ថិតទទួលរងការឈ្លានពានប្រដាប់អាវុធពីសំណាក់ថៃក៏ដោយ៕
ដោយ៖ ង៉ែត ពិសាន្ត











