សាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់លើបណ្តាញសង្គមនាយប់ថ្ងៃទី២៦ ខែកក្កដាថា «យប់ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់ និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ព និងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាឯកឧត្តមតែងតែខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។
ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ឯកឧត្តមប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយឯកឧត្តមប្រធានាធិបតី Donald Trump ថាកម្ពុជាឯកភាពជាមួយសំណើឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះខ្ញុំធ្លាប់បានបញ្ជាក់ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅផងដែរ។
ជាដំណឹងល្អដែលខ្ញុំបានទទួលពីឯកឧត្តម Donald Trump ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
ខ្ញុំសង្ឃឹមថាភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី២៤ ខែកក្កដា ក្រោមការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ។
ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យបន្តកិច្ចការងារនេះដោយពិភាក្សាជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់ និងរបួសរបស់កងទ័ព និងប្រជាពលរដ្ឋទាំងសងខាង។
ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តួចផ្ដើមគំនិត និងសម្របសម្រួលដើម្បីស្វែងរកការឈប់បាញ់ភ្លាម និងសន្តិភាពរវាងកម្ពុជា និងថៃនាពេលនេះ។
លទ្ធផលដ៏ល្អនេះពិតជានឹងជួយការពារអាយុជីវិតរបស់កងទ័ព និងដូចប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ទាំងខ្មែរទាំងថៃ ដែលអាចបាត់បង់ដោយសារការប្រយុទ្ធគ្នា ឬក៏រងរបួស និងជួយឲ្យជនភៀសខ្លួនរាប់សែននាក់អាចបានត្រឡប់ទៅរស់នៅក្នុងភូមិឋានរបស់ខ្លួនវិញដើម្បីបន្តដំណើរការជីវិតជាប្រចាំថ្ងៃរបស់ពួកគាត់ដោយសេចក្តីសុខ និងសន្តិភាព»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











