រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកឧកញ៉ា ទៀ វិចិត្រ និងលោក ទៀ ស្យាម ត្រៀមរំលាយកិច្ចសន្យាជាមួយស្ថានីយប្រេងឥន្ធនៈ PTT ហើយបង្កើតម៉ាកយីហោខ្មែរថ្មីជំនួសវិញ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនជីធីវីស៊ីគ្រុប និងលោក ទៀ ស្យាម កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី (ខេមបូឌា) PTT CAMBODIA ជាច្រើនរូប ដើម្បីត្រៀមរំលាយកិច្ចសន្យា និងបង្កើតម៉ាកយីហោខ្មែរថ្មីមួយជំនួសវិញ។

លោក ទៀ ស្យាម ម្ចាស់អាជីវកម្មដែលទិញសិទ្ធិប្រេន PTT CAMBODIA មួយរូបនៅប្រទេសកម្ពុជា បានឱ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យថា «ស្លាកត្រូវតែទម្លាក់ ផ្លូវច្បាប់ត្រូវតែគិត»។ លោកបន្តថា ម្ចាស់អាជីវកម្មទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី (ខេមបូឌា) ភាគច្រើនបានសម្រេចចិត្តប្រគល់សិទ្ធិជូនដល់លោកជាតំណាងផ្លូវការ ដើម្បីរំលាយកិច្ចសន្យាតំណាងចែកចាយរវាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី និងក្រុមហ៊ុន PTT Cambodia ព្រមទាំងរួបរួមកម្លាំងសម្រេចចិត្តបង្កើតប្រេនថ្មី ប្រេនខ្មែរ ជាស្នាដៃបង្កើតដោយកូនខ្មែរ ដែលមានកម្រិតស្តង់ដាខ្ពស់។

ជាមួយគ្នានេះ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហោះសារផងដែរថា «បង ស្យាម និងខ្ញុំ យល់ពីចិត្តបងប្អូនទាំងអស់គ្នា យើងជិះទូកតែមួយ មានទស្សនៈដូចគ្នា អ្វីដែលកើតឡើងនៅថ្ងៃនេះ និងអ្វីដែលបងប្អូនកំពុងគិត ពួកយើងកំពុងគិតដូចគ្នាដែរ ដូច្នេះពេលជួបជុំគ្នា យើងនឹងសម្រេចចិត្តជាមួយគ្នាអនុវត្តតែម្តង សូមរក្សាភាពអត់ធ្មត់»។

សូមជម្រាបថា លោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ដែលជាបងប្អូនជីដូនមួយនឹងគ្នា និងជាអ្នកជំនួញបានទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី បាននិងកំពុងដឹកនាំប្រមូលផ្តុំកម្លាំង ក្នុងការផ្លាស់ប្តូរស្ថានីយប្រេងឥន្ធនៈ PTT នៅកម្ពុជា ឱ្យទៅជាស្ថានីយប្រេងឥន្ធនៈយីហោរបស់ខ្មែរវិញ បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…