ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំសម្បើមទាំង ៣ របស់ចិន កំពុងប្រឈមមុខនឹងការពិនិត្យតាមដានយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរសហរដ្ឋអាមេរិក ជុំវិញបញ្ហាសន្តិសុខជាតិ ខណៈដែលក្រុមហ៊ុនទាំងនេះកំពុងជំរុញ និងពង្រីកគម្រោងហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅទូទាំងទ្វីបអាហ្វ្រិក។
គណៈកម្មាធិការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) នឹងបោះឆ្នោតនៅថ្ងៃទី ១៩ ខែវិច្ឆិកាខាងមុខ លើការស្នើឡើងនូវវិធានការថ្មីមួយ ដើម្បីរារាំងក្រុមហ៊ុន China Mobile, China Telecom និង China Unicom ព្រមទាំងក្រុមហ៊ុនផ្តល់សេវាតាមប្រព័ន្ធអ៊ិនធឺណេតផ្សេងទៀត មិនឱ្យទទួលបានសិទ្ធិចូលប្រើប្រាស់លេខទូរស័ព្ទរបស់សហរដ្ឋអាមេរិកដោយផ្ទាល់ឡើយ។ វិធានការនេះ មានគោលបំណងពង្រឹងរបាំងការពារប្រឆាំងនឹងការហៅទូរស័ព្ទឆបោក និងទប់ស្កាត់ក្រុមហ៊ុនដែលត្រូវបានកំណត់ថាជាហានិភ័យសន្តិសុខជាតិ មិនឱ្យចូលប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍អាមេរិក។

ជាការឆ្លើយតប ទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានរិះគន់សំណើនេះ ដោយនិយាយ វិធានការនេះ ជាការរារាំងយ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងអាជីវកម្មចិន និងអាមេរិក ហើយមិនបានផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន ឬអ្នកប្រើប្រាស់អាមេរិកឡើយ។
ទោះបីជាប្រឈមនឹងបម្រាម និងសម្ពាធពីអាមេរិកយ៉ាងណាក៏ដោយ ក្រុមហ៊ុនទូរគមនាគមន៍ចិនបាន និងកំពុងពង្រីកសកម្មភាពយ៉ាងខ្លាំងនៅក្នុងទ្វីបអាហ្វ្រិក រួមមានប្រទេសនីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង និងប្រទេសកុងហ្គោជាដើម។
ការប្រកួតប្រជែងរវាងអាមេរិក និងចិន មិនត្រឹមតែជាសង្គ្រាមពាណិជ្ជកម្ម ឬយោធានោះទេ ប៉ុន្តែបានផ្លាស់ប្តូរទៅជា «សង្គ្រាមបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយអាមេរិកព្យាយាមបិទខ្ទប់ក្រុមហ៊ុនចិន មិនឱ្យចូលក្នុងប្រព័ន្ធលោកខាងលិច ខណៈដែលចិន បានប្រើប្រាស់គំនិតផ្ដួចផ្ដើម «ផ្លូវសូត្រឌីជីថល» ឬ Digital Silk Road ដើម្បីក្តោបក្តាប់ទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍នៅអាហ្វ្រិក និងអាស៊ី ដែលត្រូវការដើមទុន និងបច្ចេកវិទ្យាដែលមានតម្លៃសមរម្យ៕
អត្ថបទ៖ រិទ្ធី







