ព្រះចៅស៊ុលតង់ ហៃថាំ ប៊ីន តារីក អាល់ សាអ៊ីដ (Haitham bin Tarik Al Said) របស់ប្រទេសអូម៉ង់ បានអញ្ជើញដល់រដ្ឋធានីប៉េកាំង កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បចាប់ផ្តើមដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រលើកដំបូងបំផុតមិនធ្លាប់មាន ដោយប្រមុខរដ្ឋអូម៉ង់ មកកាន់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CGTN។
លោកប្រធានាធិបតីចិន ស៊ី ជីនភីង បានក្រាលព្រំក្រហមទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវការមកដល់របស់ព្រះចៅស៊ុលតង់ នៅវិមានប្រជាជន ឬ Great Hall of the People ក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកានេះ ខណៈដែលដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញផ្ទាល់ពីសំណាក់លោក ស៊ី ជីនភីង ដោយបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាពប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស រវាងប្រទេសអូម៉ង់ និងចិន លើវិស័យសំខាន់ៗជាច្រើន។
ដំណើរទស្សនកិច្ចកម្រិតកំពូលនេះ ក៏ធ្វើឡើងចំពេលដែលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា កំពុងកើនកម្ដៅយ៉ាងខ្លាំង ដោយសង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់ ខណៈដែលប្រទេសអូម៉ង់ គឺជាប្រភពផ្គត់ផ្គង់ប្រេងឆៅ ធំជាងគេទី ៥ របស់ប្រទេសចិន និងជាដៃគូពាណិជ្ជកម្ម ធំជាងគេទី ៤ របស់ចិន ក្នុងចំណោមបណ្តាប្រទេសអារ៉ាប់ទាំងអស់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងរហូតដល់ ៣៦.៧៣ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០២៤។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាអស់រយៈពេល ៤៨ ឆ្នាំ គិតចាប់តាំងពីខែឧសភា ឆ្នាំ ១៩៧៨ មក៕ អត្ថបទ៖ រិទ្ធី







