រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានជម្រាបលោកជំទាវ Susan Kleebank អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអាស៊ីនិងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសប្រេស៊ីល អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំទាំងពីរកាលពីថ្ងៃទី១៩ ខែមីនា ឯកឧត្តម ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងលើកទឹកចិត្តរបស់ប្រទេសប្រេស៊ីលលើដំណើរការនៃបទឈប់បាញ់ និងសន្តិភាពនាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តីការបរទេសកម្ពុជា បានកត់សម្គាលពីភាពជោគជ័យនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសកម្ពុជា និងប្រេស៊ីល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដែលបង្កើតបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ រួមមាន វិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ កសិកម្ម ថាមពលកកើតឡើងវិញ ការកែច្នៃកសិផល ការដោះមីន អប់រំ បរិស្ថាន និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងរដ្ឋសភានៃប្រទេសទាំងពីរ។
លោកជំទាវអនុរដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ប្រេស៊ីល ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែស៊ីជម្រៅបថែមទៀត ជាពិសេសក្នុងវិស័យដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការធ្វើឱ្យកាន់តែប្រសើរឡើងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្ថែមទៀត ហើយក៏បានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងរួមគ្នា ដើម្បីលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ ង៉ែត ពិសាន្ត













