ការបាញ់ប្រហាររវាងទ័ពកម្ពុជា-ថៃ បានផ្ទុះរាលដាលដល់ភ្នំខ្មោច នៅភូមិសាស្រ្តខេត្តព្រះវិហារហើយ បន្ទាប់ពីផ្ទុះអាវុធនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។ ខណៈនៅម៉ោងនេះ កងទ័ពទាំង២ កំពុងបាញ់ដាក់គ្នា។ នេះបើតាមការបញ្ជាក់ពីសារព័ត៌មានក្នុងស្រុក នៅមុននេះបន្តិច នាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
សូមជម្រាបថា ក្រសួងការពារជាតិ តាមរយៈអ្នកនាំពាក្យលោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា៖ «នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា»៕
ដោយ៖ ង៉ែត ពិសាន្ត







