កិច្ចពិភាក្សាដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ស្បែកជើង និងកាបូប សម្រាប់ឆ្នាំ២០២៧ បានឈានចូលដល់ជុំទី៣ យ៉ាងតានតឹង ដោយភាគីសហជីពនៅមិនទាន់រកចំណុចរួមឃើញនៅឡើយ។ ក្រុមសហជីពភាគច្រើនបានកំណត់ទាមទារបន្ថែម ១៥,៣ ដុល្លារ (រុញប្រាក់ឈ្នួលដល់ ២២៥,៣ ដុល្លារ) ខណៈក្រុមមួយទៀតទាមទារខ្ពស់រហូតដល់ ៤០,៦ ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលសរុបលោតដល់ ២៥០,៦ ដុល្លារអាម៉េរិក។ ទន្ទឹមនឹងការទាមទារនេះ ភាគីនិយោជកនៅតែរក្សាជំហរមិនទាន់ចង់ដំឡើង ដោយប្រកាន់យកតួលេខបច្ចុប្បន្ន ២១០ ដុល្លារដដែល (បច្ចុប្បន្នកម្មករទទួលបានសរុប ២២៩,៥ ដុល្លារ ដោយបូករួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ១៩,៥ ដុល្លារ)។
ជុំវិញភាពខុសគ្នានៃការទាមទារនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបង្ហាញការព្រួយបារម្ភថា ការទាមទារដំឡើងជាង ៤០ ដុល្លារ គឺមិនស្របតាមបច្ចេកទេសរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលនោះទេ ហើយអាចបង្កផលប៉ះពាល់ដល់ការទាក់ទាញវិនិយោគិនថ្មីៗ ស្របពេលសេដ្ឋកិច្ចសកល ក៏ដូចជាបញ្ហាព្រំដែនកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។ ផ្ទុយទៅវិញ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានបញ្ជាក់ថា សហជីពនឹងបើកកិច្ចប្រជុំផ្ទៃក្នុងមួយទៀត ដើម្បីសម្របសម្រួលរកតួលេខរួមតែមួយ មុននឹងឈានដល់កិច្ចប្រជុំត្រីភាគីផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ។
ដំណើរការកំណត់ប្រាក់ឈ្នួលនេះ ត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យច្បាប់ចំនួនពីរធំៗរួមមាន កត្តាសង្គម (ស្ថានភាពគ្រួសារ អតិផរណា និងការចំណាយជាក់ស្តែង) និងកត្តាសេដ្ឋកិច្ច (ផលិតភាព ការប្រកួតប្រជែង ទីផ្សារការងារ កម្រិតប្រាក់ចំណេញ និងបន្ទាត់ភាពក្រីក្រ)។ សាធារណជន និងបងប្អូនកម្មករនិយោជិតកំពុងរង់ចាំមើលថា តើតួលេខសម្រុះសម្រួលចុងក្រោយនឹងចេញមកបែបណា ដើម្បីធានាបាននូវតុល្យភាពរវាងជីវភាពកម្មករ និងដង្ហើមសេដ្ឋកិច្ចរបស់រោងចក្រ។ដោយ៖ ស្រីពី










