Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់ក្រុមហ៊ុនបរទេសពិនិត្យលើការវិនិយោគកែច្នៃសំរាមនៅកម្ពុជា

Historical original · translation unavailable

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា  ក្រសួងបរិស្ថាន កំពុងបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការប្រើប្រាស់បច្ចេកវិទ្យា និងអភិបាលកិច្ចល្អ ជំរុញឱ្យមានភាពស្អាតនៅកម្ពុជា ក្នុងនោះកិច្ចសហប្រតិបត្តិការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លើកទឹកចិត្តដល់ការបង្កើតឧស្សាហកម្មកែច្នៃសំរាម ដើម្បីកាត់បន្ថយកាកសំណល់ ដែលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រោះវិស័យសំណល់ជាវិស័យអាទិភាពក្នុងចំណោមវិស័យទាំង៦ ដែលកម្ពុជាបានធ្វើកាប្តេជ្ញាចិត្តខ្ពស់ចូលរួមជាមួយសហគមន៍អន្តរជាតិ តាមរយៈផែនការរួមចំណែកជាតិលើកទី៣ NDC 3.0 ដែលកំណត់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥% នៅឆ្នាំ២០៣៥។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងដូចនេះនៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទ “Belt and Road Green Innovation Conference 2025” ក្រោមប្រធានបទ «រួមគ្នាជំរុញការអភិវឌ្ឍន បៃតង» នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូទស្សកិច្ចនៅក្រុមហ៊ុន Wangneng ដែលបង្កើតរោងចក្របំប្លែងសំណល់ទៅជាថាមពលអគ្គិសនីនៃ MIZUDA Group នៅទីក្រុងHuzhou ខេត្តZhejiang ប្រទេសចិន។

ក្រុមហ៊ុនបាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធបញ្ជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI លើការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងចំនួនប្រមាណ ២៥០០តោន ក្នុង១ថ្ងៃ ដើម្បីបង្កើតជាថាមពលអគ្គិសនី។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីចាប់អារម្មណ៍ និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលើការវិនិយោគកែច្នៃសំរាម ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងសំរាម និងសំណល់រឹង ការអភិវឌ្ឍឧស្សាហកម្ម កែច្នៃសំណល់ទៅជាថាមពល និងកែច្នៃសំណល់ផលិតជាជីវប្លាស្ទិក។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរលំដាប់ថ្នាក់ ប្រជាពលរដ្ឋ រួមនឹងដៃគូជាតិ និងអន្តរជាតិ ដើម្បីពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១  នីតិកាលទី៧ នៃរដ្ឋសភា ដោយឈរលើសសរស្តម្ភ ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ក្រសួងបរិស្ថានបានបង្កើតជាយុទ្ធនាការ និងជំរុញការធ្វើការប្តេជ្ញាចិត្ត ដាក់ចេញសកម្មភាពនានាជាច្រើន ដោយមានអ្នកចូលរួមចំនួនរាប់លាននាក់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមសម្អាតអនាម័យ រើសសំរាម ការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកនៅតាមទីសាធារណៈ សាលារៀន វត្តអារាម និងតាមដងផ្លូវនានា ដើម្បីកម្ពុជាមានភាពស្អាត ចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

Comments

Loading comments…