ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរឃុំព្រៃព្នៅបានធ្វើឲ្យទំនប់ទឹកចាំក្តាន់ក្លាយជាតំបន់ទេសចរដ៍ពេញនិយមព្រោះទីតាំងនេះមានសត្វស្លាបរស់នៅច្រើន ហើយអាជ្ញាធរឃុំបានចាត់វិធានការណែនាំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមជួយការពារ និងអភិរក្សសត្វស្លាបនៅតំបន់នេះដើម្បីប្រែក្លាយឲ្យទៅជាតំបន់ទេសចរណ៍ និងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកលេងកម្សាន្តនៅទីនេះឲ្យបានកាន់តែច្រើន។
បច្ចុប្បន្នទំនប់ទឹកចាំក្តាន់បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកំសាន្តយ៉ាងច្រើនកុះករ ពិសេសនៅថ្ងៃឈប់សម្រាក និងនៅថ្ងៃបុណ្យទានដោយសារតែទំនប់នេះសំបូរទៅដោយពពួកសត្វស្លាបជាច្រើនប្រភេទ មានរាប់ពាន់ក្បាលកំពុងរស់នៅតាមព្រៃរបោះ និងព្រៃរនាមក្នុងដែនទំនប់។
ទំនប់ទឹកគឺជាទំនប់ដ៏ធំមួយដែលហ៊ុំព័ទ្ធផ្ទៃដីប្រមាណ១០ហិចតា សម្រាប់ស្តុបទឹកទុកឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងមានទីតាំងស្ថិតនៅក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ អាជ្ញាធរឃុំព្រៃព្នៅបានឲ្យដឹងថា ទំនប់ចាំក្តាន់ហ៊ុំព័ទ្ធលើផ្ទៃដីប្រមាណ១០ហិចតា មានទីតាំងស្ថិតនៅក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង
ពីមុនឡើយគេធ្វើសម្រាប់ស្តុបទឹកទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ធ្វើស្រែចំការនៅក្នុងរដូវប្រាំងប៉ុណ្ណោះ ប៉ុន្តែពី១ឆ្នាំទៅ១ឆ្នាំផ្ទៃដីនៅផ្នែកកណ្ដាលបានដុសកើតជាព្រៃរបោះព្រៃរនាមច្រើនទៅៗជាហេតុទាក់ទាញឱ្យសត្វស្លាបនាំគ្នាចូលមករស់នៅកើតកូនកើតចៅស្អេកស្កះពេញព្រៃរហូតដល់រាប់រយរាប់ពាន់ក្បាល។
ដោយឡែកប្រជាពលរដ្ឋនៅក្នុងតំបន់នេះក៏បានបង្ហាញនៅអារម្មណ៍សប្បាយរីករាយផងដែរ នៅពេលឃើញវត្តមានសត្វស្លាបគ្រប់ប្រភេទរស់នៅក្នុងទំនប់ចាំក្តាន់នេះ និងមានភ្ញៀវទេសចរមកលេងកំសាន្តនៅតំបន់នេះច្រើនហើយពួកគាត់បានសំណូមពរឲ្យអាជ្ញាធរជួយរៀបចំកែលម្អតំបន់នេះឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយដែលអាចទាក់ទាញភ្ញៀវទេសចរអោយមកលេងកម្សាន្តកាន់តែច្រើន និងអាចជួយឲ្យពួកគាត់ប្រកបមុខរបររកប្រាក់ចំណូលនៅក្នុងតំបន់នេះបានកាន់តែច្រើនផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម











