Skip to main content
Preah Sihanouk Provincial Television
Log in

សិប្បកម្មវេចខ្ចប់កាហ្វេ KOFI នៅខណ្ឌចំការមនរងការពិន័យអន្ដរការណ៍

KPS99TVHistorical original · translation unavailable

ដោយសារតែកាបញ្ចេញសារធាតុបំពុលខ្យល់ពីម៉ាស៊ីនភ្លើងដោយពុំមានលិខិតអនុញ្ញាត លិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារផលិតកម្ម និងក្រៅអគារផលិតកម្មពីក្រសួងបរិស្ថាន និងមិនគោរពតាមកិច្ចសន្យាការពារបរិស្ថានចេញដោយមន្ទីរបរិស្ថានរាជធានីភ្នំពេញ, សិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី (KOFI CO.,LTD) ត្រូវបានទទួលរងការពិន័យអន្ដរការណ៍ពីក្រសួងបរិស្ថាន។ ការដាក់ពិន័យអន្តរការណ៍លើសិប្បកម្មខាងលើ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ខណៈក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន រួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះពិនិត្យនិងរកឃើញសិប្បកម្មខាងលើល្មើសនឹងមាត្រា១៧៣ មាត្រា៦៩៤ និងមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ដោយសារសិប្បកម្មនេះមានក្លិនផ្សែងឈ្ងៀមដែលបង្កឱ្យប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។

ក្រសួងបរិស្ថានក៏បានដាក់ចេញវិធានការច្បាប់បន្ថែមលើសិប្បកម្មនេះ ដោយតម្រូវឱ្យបិទភ្ជិតកន្លែងដែលលេចធ្លាយផ្សែង និងក្លិនឈ្ងៀម (ក្លិនកាហ្វេ) ឱ្យបានរួចរាល់មុនថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ជាកំហិត។ មិនតែប៉ុណ្ណោះ សិប្បកម្មត្រូវកែលម្អប្រព័ន្ធចម្រោះសម្អាតផ្សែង និងក្លិន(Afterburner )ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន។ ក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ដោយមិនមានការលើកលែង និងបិទអាជីវកម្មជាស្ថាពរតែម្តង។ សិប្បកម្ម លីង កិន វេចខ្ចប់កាហ្វេ ខូហ្វី (KOFI CO.,LTD) មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…