Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបាលខេត្តព្រះសីហនុ ចុះផ្អាកដំណើរការផលិតកម្មរោងចក្រកែច្នៃស្បែកសត្វមួយដែលបានបំពុលបរិស្ថាននាពេលកន្លងមក

KPS99TVHistorical original · translation unavailable

ក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី ជាក្រុមហ៊ុនកែច្នៃស្បែកសត្វ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលក្រុមហ៊ុននេះបានបំពុលបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះជុំវិញតំបន់។ ហើយកន្លងមកក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តធ្លាប់បានធ្វើការណែនាំឱ្យកែតម្រូវ និងធ្វើការផាកពិន័យជាច្រើនលើកច្រើនសារមកហើយ តែក្រុមហ៊ុននៅមិនមានការកែតម្រូវ។

ដូចនេះហើយទើបនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ដើម្បីចុះអនុវត្ត សម្រេចផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី KUBON (CAMBODIA) BIOTECHNOLOGY CO., LTD. ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ចំពោះការផ្អាកដំណើរការផលិតកម្មរោងចក្រនេះ គឺដើម្បីបញ្ឈប់នូវរាល់សកម្មភាពដែលអាចឈានទៅដល់ការបំពុលបរិស្ថាន ហើយសង្វាក់ផលិតកម្មទាំងមូលនឹងត្រូវផ្អាករហូតដល់មានការកែតម្រូវឲ្យស្របតាមស្តង់ដារបច្ចេកទេសឡើងវិញ។

ក្នុងបេសកកម្មនេះ តំណាងក្រុមហ៊ុនបានចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីរៀបចំស្តារប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបរិស្ថាន មុននឹងស្នើសុំបើកដំណើរផលិតកម្មឡើងវិញផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

Comments

Loading comments…