ផ្សារទំនើបដ៏ធំជាងគេមួយនៅចំកណ្តាលក្រុងបាត់ដំបងគឺផ្សារទំនើប ហេង ឆាយលី ត្រូវបានអគ្គិភ័យលេបត្របាក់នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងករណីអគ្គិភ័យនេះ បានបង្កការខូចខាតអាគារផ្សារទំនើប ហេង ឆាយលី ចំនួន ២៣ល្វែង កម្ពស់០៤ជាន់ និងឆេះឆ្លងទៅលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនដែលនៅក្បែរនោះផងដែរ។
ចំណែក មូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះនិងទំហំនៃការខូចខាតទ្រព្យសម្ភារៈពិតប្រាកដ គឺកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ។ បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ច នៅបន្តការងារនៅទីតាំងនោះនៅឡើយ។ ករណីនេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ចេញរថយន្តអគ្គិភ័យសរុបចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៨រថយន្ត។
គួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុន ផ្សារ វែង ពិសី ក៏ត្រូវបានអគ្គិភ័យឆាបឆេះម្ដងរួចមកហើយ បើតាមការសន្និដ្ឋានដោយសារផ្សារនេះនៅទល់ខ្នងជាមួយនឹងផ្សារទំនើប ហេង ឆាយលី គឺមានលក់តែគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិចតែប៉ុណ្ណោះ ហើយឥឡូវក៏ត្រូវលេបត្របាក់ដោយអគ្គិភ័យម្ដងទៀត ខណៈផ្ទះល្វែងមួយចំនួនដែលនៅក្បែរនោះក៏ត្រូវបាក់រលំដល់ដីផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត













