ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក យុវជនស្ម័គ្រចិត្ត នៃមន្ទីរររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រឹងប្រែងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋលើវិស័យដីធ្លី និងសំណង់ ជាពិសេសការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធទាំង១១១ភូមិ នៅទូទាំងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អ ហើយពិធីនេះបារព្វធ្វើនៅរសៀលថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម អភិបាលខេត្តលើកឡើងដូចនេះនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុនាពេលនេះ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានបញ្ជាក់បន្ថែមថា ដើម្បីជំរុញ និងគាំទ្រការអភិវឌ្ឍខេត្តព្រះសីហនុ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេសនេះ» រហូតដល់ដំណាច់ឆ្នាំ២០២៥។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ផ្តាំផ្ញើដល់លោកលោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវការងារបន្តពង្រឹង ថែរក្សាស្មារតីសាមគ្គី បង្កើនទំនាក់ទំនងល្អជាមួយ ក្រសួង ស្ថាប័ន រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព រដ្ឋបាលឃុំ-សង្កាត់ ដៃគូរអភិវឌ្ឍ និងវិស័យឯកជនលើកកម្ពស់សមត្ថភាពមន្ត្រី តាមរយៈការអភិវឌ្ឍសមត្ថភាព ការពង្រឹងការគ្រប់គ្រង ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការលើកកម្ពស់ការអនុវត្តការងារតាមប្រព័ន្ធឌីជីថល ។
ជំរុញការងាររៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីតាមក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យបានទូទាំងខេត្ត ដើម្បីធានាការគ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍ និងការអភិរក្ស ប្រកបដោយប្រសិទ្ធភាព គុណភាព តុល្យភាព ចីរភាព និងសមធម៌ ស្របតាមគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នាំ២០២២-២០៣៨ សំដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកប ដោយចីរភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព ៖ ទាវ វិឆាត















