Skip to main content
Preah Sihanouk Provincial Television
Log in

ក្រុមហ៊ុនធំជាងគេនៅម៉ាឡេស៊ីបោះទុនបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា

KPS99TVHistorical original · translation unavailable

Farm Fresh Group ជាក្រុមហ៊ុនចិញ្ចឹមគោយកទឹកដោះដ៏ធំរបស់ម៉ាឡេស៊ី បានចាប់ដៃជាមួយក្រុមហ៊ុន Alpha group របស់កម្ពុជា ដើម្បីបោះទុនវិនិយោគបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា។ ក្រុមហ៊ុនទាំងពីររនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី២៦ ខែតុលានេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ក្រុមហ៊ុន Farm Fresh Group នេះ ជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេដែលមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដោយមានគោប្រមាណ ១ម៉ឺន៤ពាន់ក្បាល។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Alpha group និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការចាប់ដៃវិនិយោគជាមួយក្រុមហ៊ុនរបស់ម៉ាឡេស៊ីនាពេលនេះ ជាការពង្រីក ការផលិតទឹកដោះគោស្រស់ និងទឹកដោះគោឆៅ ដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់ និងទឹកដោះគោឆៅដែលកំពុងកំណើនខ្ពស់។ ចំណែកឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា៖ « អនុស្សរណៈលើការយោគយល់គ្នាដែល[ក្រុមហ៊ុនប្រទសទាំងពីរ]បានផ្លាស់ប្តូរនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើតកិច្ចសហការក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម និងការវិនិយោគរបស់ក្រុមហ៊ុន Farm Fresh Berhad មកកាន់កម្ពុជា ពាក់ព័ន្ធនឹងខ្សែចង្វាក់ផលិតកម្មផលិតផលចេញពីទឹកដោះគោស្រស់ ដើម្បីចូលរួមបំពេញតម្រូវការទីផ្សារ»។ បច្ចុប្បន្ន កម្ពុជាត្រូវការទឹកដោះគោស្រស់ប្រមាណ១០ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅលើទីផ្សារ។ ក៏ប៉ុន្តែ ការផលិតសរុបប្រចាំថ្ងៃមានត្រឹមប្រមាណ២ម៉ឺនលីត្រតែប៉ុណ្ណោះ ខណៈកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗនៅកម្ពុជាមានតែ ៤ក្រុមហ៊ុន។ គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន៤ ដែលអាចផលិតទឹកដោះគោស្រស់ជាង១ម៉ឺន៣ពាន់លីត្រក្នុងមួយថ្ងៃ ឬស្មើនឹង៥លានលីត្រក្នុងមួយឆ្នាំ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…