បើយោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថា ការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិនៃប្រទេសកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង១១:០០នាទីព្រឹកនេះ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញ ក្រោយភាគីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។
សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នានេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើជាសាក្សី។
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម
















