Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរខេត្តព្រះសីហនុនឹងឱ្យអ្នកទិញអេតចាយថតរូបអ្នកយកវត្ថុមកលក់ដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋាន!

KPS99TVHistorical original · translation unavailable

ដើម្បីបង្ការទប់ស្កាត់អំពើចោរកម្ម លួច ឆក់ ប្លន់ និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យអភិបាលក្រុង-ស្រុកទាំង៦បន្តណែនាំទៅមេឃុំមេប៉ុស្តិ៍ចុះពន្យល់អ្នកទិញលក់អេតចាយឱ្យថតរូបអ្នកយកវត្ថុមកលក់នៅកន្លែងរបស់ខ្លួន ដើម្បីជៀសវាងជាប់ពាក់ព័ន្ធនឹងការទទួលផលចោរកម្ម។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា «ដោយសារហេតុផលការងារសន្តិសុខ ហើយយើងមិនដឹងច្បាស់ថាវត្ថុទាំងអស់ដែលយកមកលក់គឺបានមកពីណា ឬក៏លួចគេមកពីណានោះទេ។ ដូច្នេះ សូមក្រុងស្រុកទាំង៦ត្រូវធ្វើកិច្ចការងារនេះដើម្បីរក្សាសន្តិសុខសង្គមដោយតម្រូវឱ្យឃុំសង្កាត់តាមដានបញ្ហានេះផ្ទាល់តែម្តង»។

ការដាក់បទបញ្ជាដូច្នេះរបស់ឯកឧត្តមអភិបាលខេត្ត បន្ទាប់ពីសង្កេតឃើញមានថយចុះនូវបទល្មើសលួច ឆក់ ប្លន់នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ហើយក៏ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានកុំឱ្យបទល្មើសទាំងនោះងើបឡើងវិញទៀតផងដែរ។ ដោយឡែក ជុំវិញនឹងបញ្ហានេះ ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ បានលើកឡើងថា ការធ្វើបែបនេះគឺដើម្បីរក្សាឱ្យបាននូវសន្តិសុខសង្គម ប៉ុន្តែឯកឧត្តមក៏សូមសំណូមពរឱ្យអាជ្ញាធរនិយាយពន្យល់អំពីបញ្ហាសន្តិសុខទៅកាន់អ្នកទិញលក់អេតចាយឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យខ្លួនក្លាយជាជនរងគ្រោះដោយសារទទួលទោសពីបទ៖ «ទទួលផលចោរកម្ម»។ ជាការកត់សម្គាល់៖ ក្នុងមាត្រា៤០០ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើទទួលផលចោរកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំទៅ ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ទៅ១០.០០០.០០០ (ដប់លាន) រៀល ។ ចំណែកស្ថានទម្ងន់ទោសនៃអំពើទទួលផលចោរកម្ម មានចែងក្នុងមាត្រា ៤០១ នៃក្រមព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំទៅ ១០ (ដប់)ឆ្នាំ កាលណាអំពើនោះប្រព្រឹត្តឡើង៖១. ជាទម្លាប់, ២. ដោយប្រើប្រាស់ភាពងាយស្រួលដែលការប្រកបសកម្មភាពវិជ្ជាជីវៈផ្តល់ឱ្យ និង៣. ការប្រព្រឹត្តជាក្រុមមានការចាត់តាំង។ ដោយទ្បែកអតិបរមានៃទោសពិន័យ អាចស្មើនឹងតម្លៃវត្ថុនៃអំពើទទួលផលចោរកម្មនោះ (ត្រង់មាត្រា៤០២)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត

Comments

Loading comments…