Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំបង្កើតថ្នាក់រៀនជាបណ្ដោះអាសន្ននៅតាមជំរំ សម្រាប់សាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមតំបន់ព្រំដែន

KPS99TVHistorical original · translation unavailable

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡា រៀបចំបង្កើតថ្នាក់រៀនជាបណ្ដោះអាសន្ននៅតាមជំរំ សម្រាប់សាលារៀនណាដែលមិនអាចដំណើរការរៀន និងបង្រៀនបាន ក្រោយបញ្ចប់សង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

ក្នុងសារលិខិតជូនពរនៅឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នាថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ សម្តេចហ៊ុន ម៉ាណែត បានបញ្ជាក់ថា សាលារៀនណាដែលរងផលប៉ះពាល់មិនអាចដំណើរការបាន ត្រូវឱ្យមន្ទីរអប់រំ យុវជន និងកីឡា សម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ដូចជាជំរំវត្តពោធិ ៥,០០០ដើម និងជំរំទួលអណ្តែត ជាដើម តាមកម្រិតសិក្សាជាក់ស្តែង។

សម្តេចបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធរទាំងឡាយ រួមទាំងអង្គភាពកំចាត់មីន និងសង្គ្រោះជនពិការ ដើម្បីចុះពិនិត្យទីតាំងសាលារៀន ធ្វើការវាយតម្លៃផលប៉ះពាល់ និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះជាមុន មុនពេលរៀបចំផែនការជួសជុល ឬសាងសង់សំណង់អគារឡើងវិញ។ ព្រមជាមួយនឹងនោះ ក៏ត្រូវអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយអំពីការយល់ដឹងអំពីគ្រោះថ្នាក់ពីយុទ្ធភណ្ឌ ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ដើម្បីធានាសុវត្ថិភាពក្នុងដំណើរការរៀននិងបង្រៀន។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់សាលារៀនដែលរងផលប៉ះពាល់ខ្លាំង និងមិនអាចបើកបវេសនកាលបានក្នុងឆ្នាំសិក្សាថ្មីនេះ មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយគណៈគ្រប់គ្រងសាលា ដើម្បីជ្រើសរើសសាលារៀនជិតទីលំនៅសិស្ស ឱ្យអាចបន្តការរៀនបង្រៀនជាបណ្ដោះអាសន្នបានតាមស្ថានភាពពិតប្រាកដ៕

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…