Skip to main content
Preah Sihanouk Provincial Television
Log in

យោធាកម្ពុជា-ថៃឯកភាពគ្នាកែសម្រួលអាវុធធុនធ្ងន់៣ប្រភេទក្នុង៣ដំណាក់កាលនៅតាមព្រំដែន

KPS99TVHistorical original · translation unavailable

ក្រោយកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ (RBC) បានបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធាកម្ពុជានិងថៃ បានឯកភាពគ្នាកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ៣ប្រភេទ ដែលនឹងធ្វើឡើងជា៣ដំណាក់កាលផ្សេងគ្នា ចាប់ពីថ្ងៃទី០១ វិច្ឆិកានេះដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្រោមការគ្រប់គ្រងរបស់ភូមិភាគ៤ របស់កម្ពុជា និងភូមិភាគ២ របស់ថៃ។

ចំណែក អាវុធទាំង៣ប្រភេទដែលភាគីទាំងពីរបានឯកភាពគ្នា រួមមាន ប្រភេទ (ក) សំដៅទៅលើប្រព័ន្ធកាំជ្រួចហ្វូង (MLRS) ដែលមានកាណុងបាញ់ចាប់ពី ០២ (ពីរ) ឡើងទៅ, ប្រភេទ (ខ) សំដៅទៅលើកាំភ្លើងធំគ្រប់ប្រភេទ ដែលជាប្រភេទអូសណ្តោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ និងប្រភេទ (គ) សំដៅទៅលើយុទ្ធោបករណ៍ប្រភេទពាសដែក ជាពិសេសរថក្រោះប្រយុទ្ធ (MBTs) ដែលផ្តល់នូវការការពារចល័ត កម្លាំងបាញ់សង្គ្រុប និងការគាំទ្រផ្ទាល់ដល់កម្លាំងថ្មើរជើង។ ការដកអាវុធទាំង៣ប្រភេទនិង៣ដំណាក់កាលនេះ ត្រូវធ្វើឡើងក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អនុលោមទៅតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា។

ដោយឡែក ដំណើរការនៃការកែសម្រួលអាវុធបំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី១ គឺចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២១ ខែវិច្ឆិកា, ដំណាក់កាលទី២ គឺពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ និងដំណាក់កាលទី៣ នឹងធ្វើឡើងពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គួររំលឹកថា កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគ កម្ពុជា-ថៃ (RBC) បានធ្វើឡើងនៅច្រកព្រំដែន អន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ យោធភូមិភាគទី៤កម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការយោធភូមិភាគទី២ថៃ ដោយមានការចូលរួមសង្កេតការណ៍ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសទាំងពីរ។ កិច្ចប្រជុំនេះ ធ្វើឡើងតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…