សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារតាមបណ្តាញតេឡេក្រាមផ្លូវការនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកានេះ ដោយថ្លែងអំណរគុណចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងថែរក្សាអនាម័យបរិស្ថានបានល្អប្រសើរនៅទូទាំងប្រទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
យ៉ាងណា ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស ខណៈនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក៏រៀបចំពីធីប្រណាំងទូកដែរ។ ជាការកត់សម្គាល់៖ ព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ បានបិទបញ្ចប់ដោយរលូន និងក្រោមភាពសប្បាយរីករាយ បន្ទាប់ពីមានកងកម្លាំងគ្រប់ប្រភេទនៅតាមរាជធានី-ខេត្តទាំងអស់ចុះល្បាត និងដាក់គោលដៅប្រចាំការនៅកន្លែងសំខាន់ៗ ដើម្បីធានា និងការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










