មនុស្សយ៉ាងហោចណាស់ ៣,៦៦៣នាក់ ត្រូវបានប៉ូលិសរកឃើញ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញសរុប៨០ទីតាំងក្នុងខេត្តព្រះសីហនុ គិតពីឆ្នាំ២០២៤រហូតដល់អំឡុងខែមករា ឆ្នាំ២០២៦។
បើតាមរបាយការណ៍បង្ហាញដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពិធីសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មាន៣ជំហានផ្សេងគ្នា។
ក្នុងនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញលម្អិតអំពីប្រតិបត្តិការនៃជំហាននីមួយៗ ពោលគឺជំហានទី១ គិតចាប់ពីឆ្នាំ២០២៤ដល់ខែមិថុនា ឆ្នាំ២០២៥ ប៉ូលិសបង្ក្រាបបាន១១ទីតាំង និងរកឃើញមនុស្ស ២,៧៤១នាក់ មាន១៤សញ្ជាតិ។ ជំហានទី២ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបាន២៣ទីតាំង និងរកឃើញមនុស្ស ៨៤១នាក់ មាន ១១សញ្ជាតិ។ ជំហានទី៣ គិតពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដល់បច្ចុប្បន្ន ប៉ូលិសបង្ក្រាប៤៦ទីតាំង និងរកឃើញមនុស្ស ៨១នាក់ មាន៥សញ្ជាតិ។
សូមជម្រាបថា រដ្ឋាភិបាលបានប្រកាសហើយថា ចាត់ទុកការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជាកិច្ចការអាទិភាព ហើយចេញបញ្ជាឱ្យបោសសម្អាត ក្រុមឆបោកតាមបច្ចេកវិទ្យា ឬ Online Scams ឱ្យបានម៉ឺងម៉ាត់។ ក្នុងយុទ្ធនាការនេះ សមត្ថកិច្ចកម្ពុជាបានរកឃើញជនបរទេសឆ្លងដែលខុសច្បាប់ជាច្រើននាក់ ចូលមកធ្វើការខុសច្បាប់ ហើយក៏បានបណ្ដេញពួកគេទៅវិញ។ ថ្មីៗនេះ ក្រុមការងារជំនាញក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ក៏កំពុងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងរយៈពេល៩ខែមកនេះ កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើតចំនួន ២៧២២នាក់។ ឈានចូលខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា ក៏បានចាប់ខ្លួនមេខ្លោងដ៏ធំមួយ ដែលប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺលោក ចេន ហ្ស៊ី រួមទាំងបក្ខពួកបញ្ជូនទៅប្រទេសចិន។ រដ្ឋាភិបាលកម្ពុជាបានកំណត់យកខែមេសា ឆ្នាំ២០២៦ ជាទឹកចុងក្រោយដើម្បីបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញឱ្យអស់ពីប្រទេស។ ប្រសិនបើករណីប្រព្រឹត្តបទល្មើសអនឡាញបន្តកើតមាននៅរាជធានី និងខេត្តណានៅក្រោយខែមេសា មន្ត្រីគ្រប់គ្រងរាជធានី និងខេត្តនោះត្រូវទទួលខុសត្រូវនៅចំពោះមុខរដ្ឋាភិបាល៕
ដោយ៖ ង៉ែត ពិសាន្ត










