Skip to main content
Preah Sihanouk Provincial Television
Log in

ប៉េអឹមនិងប៉ូលិសខេត្តព្រះសីហនុរួមគ្នាការពារសន្តិសុខជូនភ្ញៀវទេសចរនាបុណ្យចូលឆ្នាំចិន

KPS99TVHistorical original · translation unavailable

កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលខេត្តព្រះសីហនុ បានដាក់គោលដៅ និងចុះល្បាតនៅតាមតំបន់ឆ្នេរសមុទ្រ ទីប្រជុំជន មុខផ្សារ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងសម្រួលចរាចរណ៍លើដងផ្លូវ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលឈានចូលមកដល់នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ក្នុងនោះ កម្លាំងការិយាល័យនគរបាលចរាចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះល្បាតចល័ត ឈរជើងប្រចាំការតាមគោលដៅសំខាន់ៗក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រក្សាសុវត្ថិភាព និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលអញ្ជើញមកកម្សាន្តក្នុងខេត្តព្រះសីហនុ។

ចំណែក កម្លាំងកងរាជអាវុធហត្ថខេត្ត និងតាមមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ក៏បានចុះល្បាតចល័ត ឈរជើងតាមគោលដៅសំខាន់ៗដែរ ដូចជា តំបន់ឆ្នេរសមុទ្រ ទីប្រជុំជន មុខផ្សារ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងជួយសម្រួលចរាចរណ៍លើដងផ្លូវ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម បានឈានចូលមកដល់។ ពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ។ ខេត្តព្រះសីហនុ បានរៀបចំស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…