Skip to main content
Preah Sihanouk Provincial Television
Log in

នៅប្រជុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រីបាណន់គីង្គក់ ហែលបង្អួតខ្លួនចំថ្ងៃនៃសេចក្ដីស្រឡាញ់

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

ត្រីបាណន់គីង្គក់ គឺជាប្រភេទត្រីកម្រជិតផុតពូជ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ជាទូទៅ ត្រីបាឡែនវ័យជំទង់តែងតែបង្ហាញនូវការចង់ដឹងចង់ឃើញពីមជ្ឈដ្ឋានធម្មជាតិខាងក្រៅ ដែលធ្វើឱ្យពួកវាហែលមកជិតទូក និងអ្នកជ្រមុជទឹក មុនពេលហែលត្រឡប់ទៅបាតសមុទ្រវិញ។ 

ប្រសិនបើលោកអ្នកមានសំណាងបានជួបសត្វដ៏អស្ចារ្យទាំងនេះ សូមរក្សាចម្ងាយសុវត្ថិភាព  បន្ថយល្បឿនទូក និងដាច់ខាតកុំប៉ះពាល់ពួកវា។ ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។ 

ត្រីបាណន់គីង្គក់ ជាទូទៅគេប្រទះឃើញវាប្រមាណ១០ដងក្នុងមួយឆ្នាំៗ នៅប្រជុំកោះរ៉ុង កោះតាង និងកោះស្តេច។ ត្រីបាណន់គីង្គក់ មានប្រវែងរហូតដល់៦ម៉ែត្រ និងអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ វាស៊ីកូនបង្គា មឹក និងកូនត្រី ជាអាហារ។ ត្រីមួយប្រភេទនេះ ស្ថិតក្នុងក្រុមរងគ្រោះជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN ផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…