Skip to main content
Preah Sihanouk Provincial Television
Log in

ជោគជ័យលើការដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ របស់កសិករនៅស្រុកព្រៃនប់ ទទួលបានទិន្នផលខ្ពស់ និងទីផ្សារល្អ

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ មន្ទីរកសិកម្មខេត្តព្រះសីហនុ បានបង្ហាញថា ការធ្វើកសិកម្មតាមបែបបច្ចេកទេសទំនើប កំពុងផ្តល់លទ្ធផលយ៉ាងប្រសើរ សម្រាប់កសិករនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់។ នេះជាការបង្ហាញពីភាពជោគជ័យនៃមុខរបរដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ របស់កសិករ ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត បានលើកឡើងថា តាមរយៈការដាំដុះប្រកបដោយបច្ចេកទេស កសិករបានរៀបចំដាំដុះក្នុងផ្ទះសំណាញ់ ដែលធានាបាននូវសុវត្ថិភាព និងគុណភាពបន្លែ។ ទំហំដីដាំដុះមានចំនួន ៤ រង (ទំហំ ១០ម៉ែត្រ x ២៥ម៉ែត្រ ក្នុងមួយរង) ដោយក្នុងមួយរង អាចប្រមូលផលបានចន្លោះពី ៧០ ដល់ ៨៩ គីឡូក្រាម។

ការដាំដុះក្នុងផ្ទះសំណាញ់ ជួយការពារបន្លែពីសត្វល្អិតចង្រៃ និងកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម ដែលធ្វើឱ្យបន្លែមានគុណភាព និងមានតម្រូវការខ្ពស់នៅលើទីផ្សារ។ បច្ចុប្បន្ន ស្ពៃក្រញាញ់ដែលប្រមូលផលបាន កំពុងមានទីផ្សារល្អប្រសើរ ដោយលក់បានក្នុងតម្លៃ ២,៥០០ រៀល ក្នុងមួយគីឡូក្រាម។ តាមរយៈទិន្នផលដែលទទួលបាន កសិករអាចរកចំណូលបានសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងពង្រីកការដាំដុះបន្ថែមទៀតនាពេលខាងមុខ។

ការអនុវត្តការដាំដុះក្នុងផ្ទះសំណាញ់នេះ មិនត្រឹមតែផ្តល់ទិន្នផលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកក្នុងការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដល់ទីផ្សារនៅក្នុងខេត្តព្រះសីហនុផងដែរ។

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…