Skip to main content
Preah Sihanouk Provincial Television
Log in

មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប ក្នុងឆ្នាំ២០២៥ បានពិនិត្យស្ត្រីមានផ្ទៃពោះជិត ១១ម៉ឺននាក់

KPS99TVHistorical original · translation unavailable

មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលប្រារព្ធនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។យោងតាមរបាយការណ៍របស់មន្ទីរពេទ្យ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានពិនិត្យស្ត្រីមានផ្ទៃពោះចំនួន ១០៨.១៣៣ នាក់។ ក្នុងនោះ បានផ្តល់សេវាសម្រាកពេទ្យដល់ស្ត្រីមានផ្ទៃពោះចំនួន ២៦.៦៥៩ នាក់ និងស្ត្រីសម្រាលកូនចំនួន ២០.៥៣៥ នាក់។ ចំណែកការសម្រាលកូនដោយវះកាត់ មានចំនួន ៤.៧៩៣ នាក់ ស្មើនឹង ២៣,៣%។

របាយការណ៍ឆ្នាំ២០២៥ ដដែល បានបញ្ជាក់ផងដែរថា ស្ត្រីសម្រាលកូនដែលមានស្វាមីជាវីរៈកងទ័ពជួរមុខសមរភូមិ មានចំនួន ១៥៦ នាក់ ស្ត្រីសម្រាលកូនដែលមានស្វាមីជាវីរៈនគរបាលជួរមុខសមរភូមិ មានចំនួន ០៨ នាក់ និងស្ត្រីក្នុងក្រុមគ្រួសារភៀសសឹក មានចំនួន ៣១១ នាក់។

ជាមួយគ្នានេះ សកម្មភាពប្រចាំថ្ងៃរបស់គិលានុបដ្ឋាយិកា នៅអគារផ្នែកសង្គ្រោះទារក អគារផ្នែកសង្គ្រោះបន្ទាន់ទារក អគារមុន និងក្រោយសម្រាលកូន ព្រមទាំងឆ្មបនៅបន្ទប់សម្រាលកូន នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប តែងតែបង្រៀន និងអប់រំស្ត្រីក្រោយសម្រាលកូន អំពីរបៀបបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធតែមួយមុខគត់ សារៈសំខាន់នៃទឹកដោះម្តាយ ជាពិសេសទឹកដោះម្តាយដំបូង (កូឡូស្ត្រ៊ូម) អាហារូបត្ថម្ភសមស្រប ព្រមទាំងអត្ថប្រយោជន៍នៃការដាក់ទារកឱ្យប៉ះផ្ទាល់ស្បែកម្តាយ (skin-to-skin contact)។

សូមបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…