ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូនៃក្រសួងទេសចរណ៍ អញ្ជើញមកដល់ទីក្រុងទុនហ័រ (Dunhuang) ខេត្តគ័នស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមព្រឹត្តការណ៍ជំរុញទេសចរណ៍អន្តរជាតិប្រចាំរបស់ខេត្ត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រទេសជាង៥៥ពីគ្រប់ទ្វីប។

ក្នុងឱកាសអញ្ជើញមកដល់ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុតអំពីលោកស្រី Xu Yanli ជាអគ្គនាយកមន្ទីរកិច្ចការបរទេសនៃរដ្ឋបាលប្រជាជនខេត្តគ័នស៊ូ និងជាអគ្គនាយកគណៈកម្មការកិច្ចការបរទេសនៃការិយាល័យគណៈកម្មាធិការបក្សកុម្មុយនីស្តចិន (CPC) ប្រចាំខេត្តគ័នស៊ូ អមដោយសហការីជាន់ខ្ពស់ លោក Ung Samraingsey អគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងស៊ីអាន ព្រមទាំងលោក Huo ZhaoGuo ប្រធានសភាពាណិជ្ជកម្មខេត្តគ័នស៊ូប្រចាំកម្ពុជា។


ការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំ និងមានសារសំខាន់នេះ គឺជាឱកាសសម្រាប់បង្ហាញពីសភាពការណ៍នយោបាយ សង្គម សុខសុវត្តិភាពពិតរបស់កម្ពុជា ព្រមទាំងជាការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនចិនក្នុងខេត្តគ័នស៊ូ ព្រមទាំងអ្នកចូលរួមព្រឹត្តការណ៍នេះពីជាង៥៥ប្រទេសគ្រប់ទ្ធីប។ វត្តមានរបស់កម្ពុជាជាពិសេសក្រសួងទេសចរណ៍ គឺជាការចូលរូមពង្រឹង និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលកំពុងតែមានវឌ្ឍនភាពគួរជាទីមោទនៈ តាមរយៈយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥» តាមរយៈកំណើនភ្ញៀវទេសចរចិន និងវិនិយោគិនចិនមកកម្ពុជាជាបន្តបន្ទាប់៕ដោយ៖ ស្រីពី








