អាជ្ញាធរជាតិព្រះវិហារ បានប្រកាសទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពបាញ់ផ្លោង និងទម្លាក់គ្រាប់បែកដោយយន្តហោះមកលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ រួមទាំងការបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រាសាទព្រះវិហារទាំងមូល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី២៦ ខែកក្កដា។
អាជ្ញាធរជាតិព្រះវិហារ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ នាថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលជាមរតកវប្បធម៌ប្រវត្តិសាស្រ្តដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ និងមានតម្លៃលេចធ្លោជាសកលសម្រាប់មនុស្សជាតិ។
អាជ្ញាធរជាតិព្រះវិហារ ចាត់ទុកការវាយប្រហារមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ប្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសដោយយន្តហោះ F-16 គឺជាការបំពានយ៉ាងធ្ងន់ធ្ងរនិងមិនអាចទទួលយកបាន មិនគោរពទៅតាម អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩៥៤ ពាក់ព័ន្ធនឹងការពង្រីកកិច្ចការពារ និងគណនេយ្យភាព លើបេតិកភណ្ឌវប្បធម៌ និងអនុសញ្ញាអង្គការយូណេស្កូឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ពិភពលោក ដែលប្រទេសថៃជារដ្ឋសមាជិក។
អាជ្ញាធរជាតិព្រះវិហារ បានគូសបញ្ជាក់ថា ប្រទេសថៃ គឺជារដ្ឋសមាជិកមួយនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្សនិងលើកតម្លៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែលបានបង្កើតឡើងដោយសេចក្តីសម្រេច 195EX/32 របស់គណៈកម្មការប្រតិបត្តិរបស់អង្គការយូណេស្កូ ឆ្នាំ២០១៤ មានប្រទេសចិន និងប្រទេសឥណ្ឌា ជាសហប្រធានរួម ជាមួយប្រទេសជាសមាជិកដ៏ទៃទៀតដូចជា ប៊ែលហ្សិក បារាំង ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិច ដែលមានតួនាទីនិងភារកិច្ចចូលរួមចំណែកក្នុងការអភិរក្ស និងលើកតម្លៃបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ។
ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារសម្តែងនូវការសោកស្តាយដែលប្រទេសថៃមិនបានបំពេញភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងអនុសញ្ញាអន្តរជាតិនានា ក្នុងនាមជាសមាជិកនៃអង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌ ពិភពលោក ដើម្បីអភិរក្សនិងលើកតម្លៃប្រាសាទព្រះវិហារ ប៉ុន្តែបានធ្វើសកម្មភាពបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយ ផ្ទាល់មកលើសម្បត្តិបេតិកភណ្ឌពិភពលោក ហើយបានបង្ករអោយមានការជម្លៀសប្រជាជនរាប់ពាន់គ្រួសារ និង បណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលយ៉ាងច្រើន។
អាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេក្នុងការការពារ និងអភិរក្សបេតិកភណ្ឌ ពិភពលោកប្រាសាទព្រះវិហារ ទោះជាកំពុងស្ថិតក្នុងស្ថានភាពទទួលរងការឈ្លានពានប្រដាប់អាវុធពីប្រទេសជិតខាងក៏ដោយ៕
ដោយ៖ ង៉ែត ពិសាន្ត










