រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពង្រឹងភាពស្អាតស្អំក្នុងស្ថាប័នរដ្ឋ៖ ខេត្តកណ្ដាលបើកយុទ្ធនាការតេស្តគ្រឿងញៀនលើមន្ត្រីជាង ៣០០នាក់ ដោយប្រកាន់ជំហរគ្មានការលើកលែង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សាលាខេត្តកណ្ដាលបានបើកដំណើរការត្រួតពិនិត្យ និងធ្វើតេស្តស្វែងរកសារធាតុញៀនលើថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាសរុបជាង ៣០០នាក់ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល។

ប្រតិបត្តិការនេះប្រព្រឹត្តទៅក្រោមការរួមដៃគ្នាយ៉ាងជិតស្និទ្ធរវាងស្នងការដ្ឋាននគរបាលខេត្ត មន្ទីរសុខាភិបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរពាក់ព័ន្ធ។

គោលបំណងចម្បងគឺ ធានាឱ្យបាននូវភាពស្អាតស្អំ និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ ដោយបញ្ជាក់ច្បាស់ថាមន្ត្រីសាធារណៈទាំងអស់មិនមានការពាក់ព័ន្ធនឹងការប្រើប្រាស់ ឬជួញដូរគ្រឿងញៀនខុសច្បាប់ឡើយ។

វិធានការវិន័យតឹងរ៉ឹង អាជ្ញាធរខេត្តបានសង្កត់ធ្ងន់ថា ករណីរកឃើញមន្ត្រីណាមានផ្ទុកសារធាតុញៀន វិធានការវិន័យម៉ឺងម៉ាត់បំផុតនឹងត្រូវអនុវត្តភ្លាមៗ ដោយគ្មានការយោគយល់ ឬលើកលែងជាដាច់ខាត។

រដ្ឋបាលខេត្តកណ្ដាលបានបញ្ជាក់ច្បាស់ថា យុទ្ធនាការនេះមិនមែនធ្វើឡើងត្រឹមតែមួយលើកនោះទេ ប៉ុន្តែនឹងត្រូវអនុវត្តជាបន្តបន្ទាប់ជាប្រចាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យអស់ពីស្ថាប័នសាធារណៈទូទាំងខេត្តកណ្តាល៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…