រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងព័ត៌មានរកឃើញព័ត៌មានក្លែងក្លាយជិត ២ពាន់ករណី ត្រឹម៦ខែឆ្នាំ២០២៦

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយប្រមាណ ២ពាន់ករណី ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសង្គម។ ព័ត៌មានទាំងនេះភាគច្រើនពាក់ព័ន្ធនឹងបញ្ហាព្រំដែន ព័ត៌មានដែលប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងបញ្ហាក្នុងវិស័យមួយចំនួន ដូចជា កសិកម្ម និងសុខាភិបាល។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ចំនួនព័ត៌មានក្លែងក្លាយដែលរកឃើញក្នុងរយៈពេលត្រឹមពាក់កណ្តាលឆ្នាំនេះ ស្ទើរឈានដល់ ២ពាន់ករណី ខណៈក្នុងឆ្នាំ២០២៥កន្លងទៅ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយជាង ៣ពាន់ករណី។

លោកទេព អស្នារិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្នព័ត៌មានក្លែងក្លាយនៅតែបន្តកើតមានជាប្រចាំ ដោយក្នុងមួយថ្ងៃអាចមានចន្លោះពី ១៥ ទៅ ២០ព័ត៌មាន ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គម។ ដើម្បីកុំឱ្យព័ត៌មានទាំងនេះធ្វើឱ្យសាធារណជនយល់ច្រឡំខុស ឬបង្កចលាចលដល់បរិយាកាសសង្គម ក្រសួងព័ត៌មាន បានដាក់ចេញវិធានការឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយទាំងនោះ ដោយផ្តោតជាពិសេសលើព័ត៌មានដែលអាចបង្កផលប៉ះពាល់ដល់សង្គម។

ចំពោះយន្តការដោះស្រាយ ក្រសួងព័ត៌មាន បានអនុវត្តការងារតាមច្រើនកម្រិត ដោយចាប់ផ្តើមពីគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានផ្ទាល់ និងយន្តការអន្តរក្រសួងរវាងក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ ក៏មានយន្តការកម្រិតរាជរដ្ឋាភិបាល តាមរយៈកិច្ចសហការជាមួយអ្នកនាំពាក្យនៃបណ្តាក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យ និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយតាមវិស័យនីមួយៗ។ វិធានការឆ្លើយតបរួមមាន ការចេញសេចក្តីបំភ្លឺ សេចក្តីបដិសេធ និងការវាយត្រាបញ្ជាក់ថា ព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំភ្លៃ ដើម្បីទប់ស្កាត់ការរីករាលដាល និងការយល់ច្រឡំរបស់សាធារណជន៕ អត្ថបទដោយ៖ សុភ័ក្រ្ត 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…