រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងទេសចរណ៍ គាំទ្រការផលិតភាពយន្តជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្តានុពល និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជា!

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយ ហ្វីម និងសហការី ព្រមទាំងតារាសម្តែងលោក ដាវ ឡឺឌុក (Dave Leduc) ជនជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅកម្ពុជា។

ជាកិច្ចចាប់ផ្ដើម លោកចាងហ្វាងផលិតកម្មប្រាយ ហ្វីម បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ព្រមទាំងបានស្នើសុំអនុសាសន៍ និងការគាំទ្រសម្របសម្រួលពីក្រសួងទេសចរណ៍ ដើម្បីរួមចំណែកឱ្យការផលិតភាពយន្តនេះប្រព្រឹត្តទៅដោយរលូន និងអាចចូលរួមផ្សព្វផ្សាយវប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះផលិតកម្មប្រាយ ហ្វីម ដែលបានសម្រេចធ្វើការវិនិយោគក្នុងវិស័យភាពយន្តនៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះគម្រោងផលិតភាពយន្ត «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ដែលអាចចូលរួមផ្សព្វផ្សាយសិល្បៈ វប្បធម៌ អត្តសញ្ញាណជាតិ និងគោលដៅសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈវិស័យភាពយន្ត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការស្វាគមន៍ និងគាំទ្រចំពោះគម្រោងថតភាពយន្តនៅកម្ពុជា ដោយក្រសួងទេសចរណ៍ត្រៀមខ្លួនសម្របសម្រួលលើការងារពាក់ព័ន្ធ ស្របតាមតួនាទី និងភារកិច្ចរបស់ក្រសួង។

ចំពោះនីតិវិធី និងខ្លឹមសារនៃការផលិតភាពយន្ត ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់ខ្ពស់លើការជំរុញ «ទេសចរណ៍ភាពយន្ត» (Film Tourism) ជាឧបករណ៍ដ៏មានសក្តានុពលមួយក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…