លោកវរសេនីយ៍ឯក Roderick T Garcia មន្ត្រីយោធាហ្វីលីពីន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសថៃ ក្រោយចុះពិនិត្យផ្ទាល់នៅតំបន់អូរស្មាច់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការមើលឃើញជាក់ស្តែងនៅទីតាំង មានភាពខុសគ្នាគួរឱ្យកត់សម្គាល់ពីព័ត៌មានដែលលោកធ្លាប់ទទួលបានមុនពេលចុះពិនិត្យ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ក្រុម AOT មិនទាន់អាចធ្វើការសន្និដ្ឋានចុងក្រោយបាននៅឡើយទេ ដោយព័ត៌មានដែលប្រមូលបានត្រូវការការវាយតម្លៃ និងវិភាគបន្ថែមសិន។ នេះបើយោងតាមសារព័ត៌មានថៃ The Nation។
លោក Garcia បានឱ្យដឹងថា ការសង្កេត និងព័ត៌មានដែលទទួលបានពីការចុះពិនិត្យ នឹងត្រូវចងក្រងជារបាយការណ៍បញ្ជូនទៅថ្នាក់លើរបស់លោក។ លោកពន្យល់ថា មុនពេលចុះទៅដល់ទីតាំង ការយល់ដឹងរបស់លោកភាគច្រើនបានមកពីបណ្តាញសង្គម សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានផ្សេងៗ ខណៈការឃើញស្ថានភាពដោយផ្ទាល់បានផ្តល់ឱ្យលោកនូវការយល់ឃើញថ្មីមួយ។ ទោះបីមានព័ត៌មាន និងការអះអាងខុសៗគ្នាពីភាគីទាំងសងខាងក៏ដោយ លោកបានបញ្ជាក់ថា AOT នៅតែមិនទាន់អាចទាញសេចក្តីសន្និដ្ឋានបានទេ រហូតទាល់តែមានការពិនិត្យ និងវិភាគព័ត៌មានទាំងនោះឱ្យបានច្បាស់លាស់។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងបទឈប់បាញ់ លោក Garcia បានសង្កេតឃើញថា ភាគីកម្ពុជា និងថៃ នៅតែបន្តប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ លោកបានលើកឡើងពីការអះអាងរបស់ភាគីថៃថា ខ្លួនមិនមានបំណងកាន់កាប់តំបន់នេះជាអចិន្ត្រៃយ៍ទេ ប៉ុន្តែការគ្រប់គ្រងបច្ចុប្បន្នត្រូវបានចាត់ទុកថា ចាំបាច់សម្រាប់សន្តិសុខ ហើយថៃបានបង្ហាញការត្រៀមដកកម្លាំងចេញ នៅពេលមានការកំណត់បន្ទាត់ព្រំដែនច្បាស់លាស់ជាផ្លូវការ។ លោកបន្តថា បញ្ហានេះត្រូវដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងការពិភាក្សាបន្តទៀត ខណៈភាគីទាំងពីរនៅតែបន្តអនុវត្តការប្តេជ្ញាចិត្តក្រោមបទឈប់បាញ់។
ដោយ៖ សុភ័ក្រ្ត











