រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

យុទ្ធនាការ «ភូមិខ្ញុំ ម្ហូបខ្ញុំ » បង្ហាញពីម្ហូបប្រចាំខេត្តទាំង៧ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោក Cao Manh Duc នាយកប្រតិបត្តិ (CEO) និងតំណាងស្ថាប័នពាក់ព័ន្ធ អ្នកសិក្សា និងអ្នកបង្កើតមាតិកា សរុបជាង២០០នាក់។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ម្ហូបអាហារត្រូវបានយកមកធ្វើជាផ្នែកមួយនៃការរៀបរាប់ពីសក្តានុពល និងភាពទាក់ទាញរបស់គោលដៅទេសចរណ៍ក្នុងតំបន់។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមហ៊ុន METFONE និងគំនិតផ្តួចផ្តើមដែលភ្ជាប់ការផ្សព្វផ្សាយទេសចរណ៍ជាមួយបច្ចេកវិទ្យា និងបណ្តាញសង្គម ដើម្បីបង្ហាញអត្តសញ្ញាណម្ហូបអាហារខ្មែរ និងសក្តានុពលទេសចរណ៍ទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ។
ការផ្តួចផ្តើមនេះក៏ស្របតាមការជំរុញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យយុវជនប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។

ជាក់ស្តែង យុទ្ធនាការ «ភូមិខ្ញុំ ម្ហូបខ្ញុំ – My Village, My Food» ត្រូវបានផលិតជាវីដេអូខ្លីចំនួន៧ភាគ ដោយបង្ហាញពីម្ហូបប្រចាំខេត្តកំពត កែប ព្រះសីហនុ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងតាកែវ។ វីដេអូទាំងនេះនឹងត្រូវផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្តាញសង្គមរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ក្រុមហ៊ុន METFONE និងអ្នកបង្កើតមាតិកា (Influencers) រហូតដល់ខែតុលា ឆ្នាំ២០២៦។ ភាគីទាំងពីរក៏មានគោលដៅបន្តពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហារកម្ពុជាទៅកាន់ទស្សនិកជនទាំងក្នុងស្រុក និងអន្តរជាតិ។

ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…