សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបង្ហាញការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ។
ជាមួយគ្នានេះ ឯកឧត្តម Akbar Ghasemi Ali Abadi បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ ជាការឆ្លើយតប សម្តេចធិបតី បានអបអរសាទរ ឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញជំនឿថា អាណត្តិការទូតរបស់ឯកឧត្តមនឹងចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការស្វែងរកឱកាសថ្មីៗសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានលើកទឹកចិត្តឱ្យឯកឧត្តមបន្តពិភាក្សាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ដើម្បីស្វែងរកវិស័យ និងកាលានុវត្តភាពដែលអាចជំរុញទំនាក់ទំនងកម្ពុជា-អ៊ីរ៉ង់ឱ្យកាន់តែរីកចម្រើន។











