សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំទ្វេភាគី ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា។
បន្ទាប់ពីកិច្ចប្រជុំ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងចំណោមឯកសារទាំងនេះ កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានក៏ត្រូវបានចុះហត្ថលេខាជាផ្លូវការ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្ត្រីក្រសួងព័ត៌មានមីយ៉ាន់ម៉ា ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នព័ត៌មាននៃប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការនេះកើតឡើង ខណៈវិស័យព័ត៌មានរបស់មីយ៉ាន់ម៉ានៅតែប្រឈមបញ្ហាសេរីភាពសារព័ត៌មាន ដោយក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ របស់ Reporters Without Borders (RSF) មីយ៉ាន់ម៉ាស្ថិតនៅលេខ១៦៦ ក្នុងចំណោម១៨០ប្រទេស។ ការចុះហត្ថលេខានេះ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយ រហ័ស ជាពិសេសសម្រាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាក្នុងការទទួលបានព័ត៌មានក្នុងតំបន់ និងសកល៕
ដោយ៖ សុភ័ក្រ្ត
















