រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចុះបាញ់ថ្នាំមូសជាង ៤០០ខ្នងផ្ទះ ទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម

សរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមការងារសុខាភិបាល និងអ្នកស្ម័គ្រចិត្តបានបាញ់ថ្នាំសម្លាប់មូសតាមផ្ទះ៤០៥ខ្នង នៅក្រុងព្រះវិហារ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ និងអំពាវនាវឱ្យប្រជាពលរដ្ឋលុបបំបាត់ប្រភពកកើតមូស និងការពារការឆ្លងជំងឺគ្រុនឈាម។

ក្រុមការងារគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយមណ្ឌលសុខភាពត្បែង និងអ្នកស្ម័គ្រចិត្តភូមិហ្មសែត បានចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅតាមខ្នងផ្ទះប្រជាពលរដ្ឋសរុប ៤០៥ខ្នង ក្នុងភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមដែលបង្កឡើងដោយមូសខ្លា។ លោកបានសង្កត់ធ្ងន់ថា ទោះបីការបាញ់ថ្នាំអាចជួយកាត់បន្ថយសត្វមូសបានមួយកម្រិតក្តី ប៉ុន្តែវិធានការដែលមានប្រសិទ្ធភាព និងចីរភាពបំផុត គឺផ្ដើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរបានអំពាវនាវដល់សាធារណជនចូលរួម លុបបំបាត់ប្រភពកកើតមូសខ្លា ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ កម្ចាត់វត្ថុដក់ទឹក គ្របពាង ធុង ឬអាងទឹកឱ្យជិត និងផ្លាស់ប្តូរទឹកជាប្រចាំ ការពារពីការមូសខាំត្រូវ គេងក្នុងមុង និងប្រើប្រាស់មធ្យោបាយការពារផ្សេងៗ។

ប្រុងប្រយ័ត្នសុខភាព ករណីមានរោគសញ្ញាសង្ស័យ ដូចជាក្ដៅខ្លួនខ្លាំង ឈឺក្បាល ឈឺសាច់ដុំ ឬសន្លាក់ ត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ដោយមិនត្រូវទិញថ្នាំលេបដោយខ្លួនឯងឡើយ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…