(ខេត្តព្រះសីហនុ)៖ ប្រទេសចំនួន៤ មានវៀតណាម ចិន ឥណ្ឌា និងម៉ាឡេស៊ី គ្រោងស្នើរសុំធ្វើជាម្ចាស់ផ្ទះជើងឯកគុនខ្មែរពិភពលោក លើកទី៧ ដែលនឹងរៀបចំនៅចុងឆ្នាំ២០២៦នេះ បន្ទាប់ពីឃើញសន្ទុះការគាំទ្រខ្លាំងពីបណ្តាសមាជិកគុនខ្មែរអន្តរជាតិ និងអ្នកគាំទ្រជុំវិញពិភពលោក។ នេះបើយោងតាមឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា ប្រទេសដែលស្នើសុំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ គឺត្រូវធានាឱ្យបាននូវសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំឲ្យដូចជាកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកគុនខ្មែរពិភពលោក លើកទី៦ បានបិទបញ្ចប់ដោយជោគជ័យនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីប្រព្រឹត្តិអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២៦៕
ដោយ៖ ចិន្តា ទីទិ













