រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា–ទីម័រឡេស្តេ ចុះអនុស្សរណៈពង្រឹងប្រព័ន្ធទូទាត់ឌីជីថល និងការទូទាត់ឆ្លងដែន

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រឡេស្តេ បានឈានដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទូទាត់ឌីជីថល តាមរយៈការចុះអនុស្សរណៈយោគយល់ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើប្រព័ន្ធទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Helder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រឡេស្តេ។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាក្នុងពិធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់រហ័សរបស់ធនាគារកណ្តាលទីម័រឡេស្តេ ក្រោមអធិបតីភាពឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ និងឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ។ កិច្ចព្រមព្រៀងនេះមានគោលដៅបង្កើតក្របខណ្ឌសម្រាប់ជំរុញការទូទាត់ឌីជីថល នវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងការតភ្ជាប់ហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។

ក្រោមក្របខណ្ឌនៃអនុស្សរណៈ ភាគីទាំងពីរនឹងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធ ព្រមទាំងសហការលើការស្រាវជ្រាវ និងការបណ្តុះបណ្តាលពាក់ព័ន្ធ។ ជាមួយគ្នានេះ កម្ពុជា និងទីម័រឡេស្តេ នឹងជំរុញការទូទាត់ជារូបិយវត្ថុក្នុងស្រុក ដើម្បីជួយសម្រួល និងគាំទ្រដល់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងពង្រឹងទំនាក់ទំនងផ្នែកហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។

(ដោយ៖ សុភ័ក្ត្រុ)

មតិយោបល់

កំពុងផ្ទុកមតិយោបល់…