យោងតាមការព្យាករធាតុអាកាស ព្យុះទី២៥ ឈ្មោះ «ឌូជូអាន» (Dujuan) បាននិងកំពុងជះឥទ្ធិពលមកលើប្រទេសកម្ពុជា ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក៏ដោយ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសនៅតាមតំបន់នានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ មានការប្រែប្រួលដូចខាងក្រោម៖
តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៣°C។ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៥០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣១°C។ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីរហូតដល់ ៧០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៤°C។ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦០% ខណៈកម្ពស់រលកសមុទ្រអាចមានពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះ និងអ្នកធ្វើដំណើរតាមផ្លូវទឹក បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងទឹករលកធំៗ៕
ដោយ៖ ប៉ៃ សុឃីម









