ការប្រើប្រាស់យានយន្តអគ្គិសនី (EV) នៅកម្ពុជាកំពុងបង្ហាញសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានចំនួនសរុប ២២,៧៩៣ គ្រឿង គិតត្រឹមខែសីហា ឆ្នាំ២០២៦ នេះ។ តួលេខនេះត្រូវបានបញ្ជាក់ដោយ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ទិន្នន័យនៃការចុះបញ្ជីតាមប្រភេទយានយន្តរួមមាន រថយន្តចំនួន ១៦,៩២៦ គ្រឿង ទោចក្រយានយន្ត (ម៉ូតូ) ៤,៩៧៤ គ្រឿង ត្រីចក្រយានយន្ត (កង់បី) ៨៩៣ គ្រឿង ។
កត្តាជំរុញ និងអត្ថប្រយោជន៍ចម្បងៗគឺជាការសន្សំសំចៃខ្ពស់ កាត់បន្ថយការចំណាយលើការធ្វើដំណើរប្រចាំថ្ងៃបើធៀបនឹងយានយន្តប្រើប្រេងឥន្ធនៈ។
មានផាសុខភាព និងបរិស្ថាន ផ្ដល់នូវភាពងាយស្រួលក្នុងការបើកបរ ព្រមទាំងកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាសដល់កម្រិតទាបបំផុត ឬសូន្យ (Zero Emission)។
ការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» ដែលជាផែនទីបង្ហាញផ្លូវដ៏រឹងមាំក្នុងការរៀបចំយន្តការ ផ្ដល់ជម្រើសកាន់តែសម្បូរបែប និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ថាមពលបៃតងប្រកបដោយចីរភាព៕ដោយ៖ ប៉ៃ សុឃីម











